ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ សូមប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការបុណ្យ នឹងរៀបចំព្រះរាជពិធី ថ្វាយព្រះភ្លើង នៅថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨: ៣០ នាទីព្រឹក នៅទីព្រះមេរុ មុខវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខដ៏ខ្លីនេះ។
ទន្ទឹមនឹងនេះ គណៈសង្ឃនាយក សូមប្រគេន សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមមេត្តា វាយគង ទូងស្គរ និង បង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលនៃដងទងជាតិ ព្រមទាំងបង្សុកូលឧទ្ទិសមហាព្រះរាជ កុសលឱ្យបានព្រមៗគ្នាគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របពេលជាមួយនឹងកម្មវិធី ថ្វាយព្រះភ្លើងចំពោះ ព្រះបរមសព វេលាម៉ោង ៦:០០ នាទីព្រឹក នៅថ្ងៃ-ខែខាងលើ ដើម្បីសម្តែង នូវមរណទុក្ខដ៏សែនក្រៀមក្រំនិងសោកស្តាយជាទីបំផុតថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិខុទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។
ទទួលបានសេចក្តីប្រគេនដំណឹងនេះ សូម សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាចាត់ចែងនិងអនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់បំផុត៕
ដោយ៖តារា
ខាងក្រោមនេះជាសេចក្ដីប្រគេនដំណឹងរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា៖