ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១អាជ្ញាធរមីនថ្លែងថា រយៈពេល៥ខែឆ្នាំ ២០២៤នេះ មនុស្ស៣០នាក់ បានស្លាប់និងរបួសដោយសារតែគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម

ចែករំលែក៖

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ បានថ្លែងថា ក្នង រយៈពេល៥ខែនៃឆ្នាំ២០២៤ មានមនុស្សរងគ្រោះដោយ សារគ្រាប់ មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣០ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន៨នាក់,របួស១៨ នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់ ។ 

លោកបានឱ្យដឹងថា  អត្រាគ្រោះថ្នាក់នេះបានកើនឡើង ៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ។ មូលហេតុដែលបណ្តាលឱ្យមានការផ្ទុះគ្រាប់ និងធ្វើឱ្យមានមនុស្សស្លាប់និងរបួសនេះ គឺមកពីសកម្មភាពនៃការលេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣% ។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបន្តថា  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន បានបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វ ផ្សាយការអប់រំយល់ ដឹងអំពីមីននិងគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ដើម្បី “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់នៅបន្តរងគ្រោះ ទៀត ។ កម្ពុជាបានដាក់ផែនការធ្វើឱ្យប្រទេសអស់គ្រាប់មីនបង្កប់ក្នុងដីរហូតនៅក្នុងឆ្នាំ២០២៥។

យោងតាមទិន្នន័យទទួលបានរបស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦ម៉ឺន៥ពាន់៦៧ នាក់ ក្នុងនោះរងគ្រោះដោយសារមីន ៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២១%៕

ដោយ៖ សូរិយា


ចែករំលែក៖