ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម

ចែករំលែក៖

សាររព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះបានផ្សាយថា ផ្អែកលើប្រភពការទូតដែលខ្លួនទទួលបាន បានរាយការណ៍នាថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ព្រមទាំងវៀតណាម ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកូរ៉េខាងជើង លោក Alexander Matsegora បានបញ្ជាក់ប្រាប់កាសែត Vedomosti ថា ទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់ព្យុងយ៉ាង គឺច្បាស់ជានឹងកើតឡើង ហើយកំពុងស្ថិតក្រោមដំណើរការត្រៀមរៀបចំយ៉ាងសកម្ម។ Vedomosti បានអះអាងថា លោក ពូទីន ក៏អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ នៅអំឡុងដើមខែមិថុនា ហើយទស្សនកិច្ចនោះ ទំនងជានឹងធ្វើឡើងភ្លាមៗតែម្តង ក្រោយទស្សនកិច្ចនៅកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំមុន ហើយជួបពិភាក្សាគ្នាជាមួយលោក ពូទីន។ អំឡុងពេលនោះ លោក គីម បានទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស Vostochny នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយលោក ពូទីន បានសន្យាជួយកូរ៉េខាងជើងផលិតផ្កាយរណប។ វិមានក្រឹមឡាំង ធ្លាប់និយាយថា រុស្ស៉ីចង់កសាងភាពជាដៃគូជាមួយកូរ៉េខាងជើង នៅក្នុងគ្រប់វិស័យទាំងអស់។ លើកចុងក្រោយបង្អស់ និងតែមួយលើកគត់ ដែលលោក ពូទីន បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង គឺកាលពីឆ្នាំ២០០០ ដែលជាឆ្នាំដំបូងនៃការកាន់អំណាចរបស់លោក ក្នុងនាមជាប្រធានាធីបតីរុស្ស៉ី៕

ដោយ៖ ធីរីណា(រូប​ថត​៖ KCNA)

 


ចែករំលែក៖