ព័ត៌មានទាន់ហេតុការណ៍៖

Long Ly Song ទោះអ្នកបាត់បង់ជីវិតពីលើលោកនេះទាំងក្តីអាឡោះអាល័យក៏ដោយ អ្នកបន្សល់កេរឈ្មោះដ៏ល្អ ត្រូវបានអ្នកដទៃចងចាំ !

ចែករំលែក៖

ភ្នំពេញ ៖ ម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សពប្អូនប្រុស លីសុង បានដង្ហែចេញពីវត្តចាស់ ជ្រោយចង្វារ ទៅកាន់ខេត្តកំពត ដើម្បីបញ្ចុះរួមគ្នាជាមួយសពប្អូនស្រី ឃឹម កញ្ចនា ជាគូដណ្តឹងនឹងគ្នា ដើម្បី ឱ្យពួកគាត់បាននៅក្បែរគ្នាហើយ និងសូមអ្នកទាំងពីរបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ 

ជាការពិត ! Long Ly Song ទោះអ្នកបាត់បង់ជីវិតពីលើលោកនេះទាំងក្តីអាឡោះអាល័យក៏ដោយ អ្នកបន្សល់កេរឈ្មោះដ៏ល្អ ត្រូវបានអ្នកដទៃចងចាំ ! ក្នុងនោះសូម្បីម្តាយបង្កើត និងប្អូនស្រីក៏និយាយពីការតស៊ូរបស់ Long Ly Song មានចរិតស្លូតបូត មិនចេះប្រើពាក្យដោយសំដីធំ ស្រឡាញ់ក្រុមគ្រួសារ និងស្រឡាញ់គូដណ្តឹងណាស់ ខុសពីអ្វីដែលឃាតក ថាគាត់ជេរ ប្រើពាក្យអសីលធម៌មកលើខ្លួន ទើបបាញ់សម្លាប់ ។ 

នៅថ្ងៃនេះម្ចាស់គណនី Facebook មួយមានឈ្មោះថា ៖ «Kun FotoCity» បានសរសេរពីប្រវត្តិ Long Ly Song  អាចជាអ្នកស្និទស្នាលជាមួយគ្នា បានបញ្ជាក់ថា ៖ 

ប្រវត្តិសង្ខេបតិចតួចដែលខ្ញុំបានដឹងអំពី Long Ly Song 

– ជាក្មេងដែលតាំងចិត្តថានៅពេលដែលធំឡើងនឹងខំប្រឹងរកលុយឲ្យបានច្រើន ហើយនិងចូលនិវត្តន៍នៅអាយុ 50 ដោយរកលុយអោយគ្រប់មួយលានដុល្លា ដាក់ ធានាគា យកការប្រាក់ និងប្រើជីវិតដំណើរកំសាន្តលើកោះ

– ប្រទេសដែលគាត់ស្រលាញ់ជាទីបំផុតគឺប្រទេសជប៉ុនហើយប៉ងទៅម្តងទៀត តែ Delay រហូត

– Big Fan of Nikon 

– ស្រឡាញ់ឆ្មា

– ពាក្យដែលចូលចិត្តនិយាយគេធ្វើបានយើងក៏ធ្វើបាន

– ចូលចិត្តគណនាលេខនូវអ្វីដែលខាតនូវអ្វីដែលចំណេញ

– មិនចំណាយលើរបស់ដែលមិនចាំបាច់

– ចូលចិត្តធ្វើអ្វីលឿនៗ

– រៀនចប់ខាងសំណង់តែមកធ្វើជាងថត

– ឈ្មោះមួយទៀត (កុមារទេព) ព្រោះគាត់មានចំណេះ ស្ទើរតែគ្រប់រឿង

– ចូលចិត្តតាមដានរឿងវិស័យអវកាស

– ជាមនុស្សម្នាក់ដែលរជឿទៅលើភាពយុត្តិធម៌និងភាពខុសហើយនិងត្រូវជាខ្លាំង

អ្វីដែលខ្ញុំរៀនបានពីការបាត់បង់មួយនេះគឺ

របស់ម្យ៉ាងដែលយើងមិនចាំបាច់រង់ចាំនោះគឺ«សេចក្តីសុខ»

កុំចាំដល់តែសម្រេចគោលដៅឬក៏មានអ្វីគ្រប់យ៉ាងទើបអាចមានសេចក្តីសុខបាន ចូលរៀនមានក្តីសុខជាមួយនឹងអ្វីដែលងាយៗនៅក្នុងជីវិតប្រចាំថ្ងៃ

កុំធ្វើតែរឿងបន្ទាន់ ( Work ) រហូតដល់ភ្លេចធ្វើរឿងដែលចាំបាច់ (ពេលវេលាជាមួយគ្រួសារនិងមនុស្សដែលគេស្រឡាញ់យើង)។

សូមបញ្ជាក់ថា ៖ មានករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ 

ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ក្នុងនោះប្រជាពលរដ្ឋថ្កោលទោស ឃាតក ឈាមត្រជាក់នេះ សូមឱ្យសមត្ថកិច្ចចំណាត់ការឱ្យបានតឹងរឹងតាមនីតិវិធី ដើម្បីធ្វើសេចក្តីសន្និដ្ឋានបញ្ជូនសំណុំរឿងទៅកាន់អយ្យការ។ 

សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។

ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។ អ្នកទាំង២ ជាគូដណ្តឹងនឹងគ្នា ដែលត្រូវចូលរោងការនៅខែតុលា ឆ្នាំ២០២៤ តែជាអកុសល ត្រូវ ឧកញ៉ា ស្រី សុីណា បាញ់ប្រហារសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយឃាតក រូបនេះ គ្មានញញើតខ្លាចច្បាប់សូម្បីបន្តិច មុខឌឺ១០០តែម្តង។ 

ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។

 ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាប់ព្រំគ្នានឹងផ្ទះឃាតក ជួលឱ្យគេ។

ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។ ការសម្លាប់នេះអាចមកកាងឱ្យកំណាន់ចិត្តរបស់ខ្លួន ក៏អាចថាបាន ព្រោះម្សិលមុិញ សមត្ថកិច្ចបានហៅស្ត្រី២នាក់ម្តាយនឹងកូនមកសួរនាំ ដើម្បីសុីជម្រៅក្នុងជម្លោះក្លាយជាឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖