ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់លើបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមមាន៖ ឈ្មោះ រ.ត.ន ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ម.ម ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលផលនៃបទល្មើសឱ្យឧក្រិដ្ឋជន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។
ជាមួយគ្នានេះ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។
ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបរទេស ដែលមានប្រព័ន្ធ Western Union, Ria …ជាដើម ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖ តារា