ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ចូលរួមអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ដ៏ពិសិដ្ឋ «ប្រាសាទ ព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៤)

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ជាខួប១៦ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ដ៏ពិសិដ្ឋ «ប្រាសាទ ព្រះ វិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសកាណាដា ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់ តាំងពីកម្ពុជា ទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលកូនចៅខ្មែរបានចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ ក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់យើង។

ការដាក់ «ប្រាសាទព្រះវិហារ» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានអត្ថន័យយ៉ាងច្រើនសម្រាប់កម្ពុជា រួមមាន៖ ប្រាសាទព្រះវិហារជាមរតកវប្បធម៍ខ្មែរនិងមនុស្សទាំងអស់ក្នុងពិភពលោក, រក្សារបូណភាពទឹកដី, ពិភពលោកជួយការពារ និងទទួលស្គាល់, ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈទេសចរណ៍, បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ, បង្ហាញពីអំណាច និងវិសមភាពរបស់ព្រះរាជាសម័យមុន, បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ, បង្ហាញពីទេពកោសល្ស ព្រះរាជាទៅជាអាទិទេព ជាអត្ថន័យប្រវត្តិសាស្រ្ត ធ្វើឱ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត និងបណ្តុះស្មារតីដូចខ្មែរជំនន់ក្រោយត្រូវចេះស្រលាញ់ រក្សាការពារ សម្បត្តិវប្បធម៍ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស។

គួរឱ្យដឹងថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរដ្ឋកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ប្រាសាទព្រះវិហារកសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍ ដែលប្រាសាទព្រះវិហារនេះត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១៕

ដោយ៖ សូរិយា


ចែករំលែក៖