ខេត្តកោះកុង ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ គិតត្រឹមដើមដើមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ។ លោកថា ៖ ទន្ទឹងវឌ្ឍនភាព ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម សូមលំឱនកាយសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុណាមួយពេលរអិលខ្លាំង៕
ដោយ ៖ សិលា