ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី ប្រធានាធិបតីអាមេរិកសន្យាជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានសន្យាថានឹងដាក់ចេញវិធានការថ្មីៗដើម្បីជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងជាច្រើនទៀតបានសម្លាប់មនុស្សយ៉ាងហោច ៣៧នាក់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តនឹងប្រកាសពីកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ហើយបានចាត់ទុកការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីគឺជារឿងមួយដ៏រន្ធត់ ដែលដាស់រំឮកពីភាពឃោរឃៅរបស់រុស្ស៉ី នៅក្នុង សង្រ្គាមដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ការបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ីដែលត្រូវចំមន្ទីរពេទ្យកុមារមួយក្នុងទីក្រុងកៀវផងនោះ បានសម្លាប់ មនុស្ស៣៧នាក់ ក្នុងនោះរួមមានកុមារ ៣នាក់ និងមនុស្សជាង១៧០នាក់ទៀតរងរបួស។ ប៉ុន្តែ ខាងក្រសួងការពារជាតិរុស្ស៉ី បានអះអាងដែរថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅឧស្សាហកម្មយោធា និងមូលដ្ឋានយន្ដហោះចម្បាំងរបស់អ៊ុយក្រែន ដោយមិនបានកំណត់គោលដៅលើជនស៊ីវិលនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖