ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ បន្តផ្ដល់ភាពរាក់ទាក់ជូនវិនិយោគិនបារាំង តាមរយៈការរៀបចំពិធីលៀងសាយភោជ ទទួលវិនិយោគិនប្រមាណ ២០០នាក់ ក្នុងទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី​ ៩​កក្ដដា​ម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាល ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីនាឱកាសនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោករដ្ឋមន្រ្តីក្រសួងកសិកម្ម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោក លោកស្រី​ អ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា-បារាំងជាច្រើនរូប។ 

ជាការប្ដេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងវេទិកាធុរកិច្ចនេះផងដែរបើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមឯកឧត្តមផ្ទាល់នឹងព្យាយាមបន្ថែមទៀតជំរុញពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។

មានប្រសាសន៍លើកឡើងក្នុងកម្មវិធីលៀងសាយភោជ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាបន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត។ 

ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖