ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករល្បីឈ្មោះរឿង”ដើម្បីកូន”៖ ប្រកាសបញ្ចាំទ្រព្យចុងក្រោយតម្លៃ ១លានដុល្លារ ដើម្បីយកលុយថតភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុ យ យ៉ាងឡេង ដែលជាផលិតករល្បីឈ្មោះរឿង”ដើម្បីកូន” បានប្រកាសដាក់បញ្ចាំទ្រព្យចុងក្រោយរបស់ខ្លួនដែលមានតម្លៃរហូតទៅដល់ ១ លានដុល្លារ ដើម្បីយកលុយផលិតភាពយន្ត ខណៈផលិតកររូបនេះ អះអាងថា បើមិនបានផលិតភាពយន្ត គឺ ស្មើនឹងស្លាប់។

អ្នកផលិតកររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ស៊ីក្លូដែលលោកប្រកាសដាក់បញ្ចាំតម្លៃខ្ទង់លានដុល្លារនេះ គឺលោកសុំបញ្ចាំនៅក្នុងតម្លៃតែ ១៥ ០០០ដុល្លារប៉ុណ្ណោះ ដើម្បីបានទុនផលិតភាពយន្តបន្ត។

លោក ហ៊ុយ យ៉ាឡេង បានគូសបញ្ជាក់ទៀតថា៖ “ខ្ញុំត្រូវការបញ្ចាំស៊ីក្លូដែលមានតម្លៃ ១ លានដុល្លារ យកទៅថតភាពយន្ត គឺខ្ញុំយកតែ ១៥ ០០០ ដុល្លារទេ ខ្ញុំយក ៧ ខែ ខែមីនា ២០២៥ ខ្ញុំលួសយកស៊ីក្លូវិញដោយជូនប្រាក់លួសយកស៊ីក្លូវិញចំនួន ៣០ ០០០ ដុល្លារ បើមិនទុកចិត្ត អាចតម្កល់សែកជូនក៏បាន ជីវិតខ្ញុំរស់ដើម្បីភាពយន្ត មិនបានផលិតភាពយន្តស្មើនឹងស្លាប់”។ លោកបន្តថា នេះជាទ្រព្យដែលមានតម្លៃក្នុងជីវិតលោក គឺសល់តែស៊ីក្លូ ១នេះទេ។ ដូច្នេះសូមឱ្យជួយចែករំលែកដល់អ្នកមានចិត្តបុណ្យបានឃើញផង។

សូមជម្រាបជូនថា លោក ហ៊ុយ យ៉ាឡេង កន្លងទៅធ្លាប់ឱ្យដឹងដែរថា លក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺ មានវ័យចំណាស់ទៅហើយ រហូតដល់ ៨០ឆ្នាំឯណោះ ដែលត្រូវបានធ្វើឡើងដោយស្នាដៃជនជាតិបារាំងម្នាក់។ ផលិតកររូបនេះ បន្តថា មូលហេតុដែលសម្រេចកែច្នៃស៊ីក្លូមកធ្វើជាវត្ថុមានតម្លៃនេះឡើង ដោយសារលោកមើលឃើញពីតម្លៃរបស់ស៊ីក្លូខ្មែរ និងចង់ឲ្យប្រជាជនខ្មែរងាកមកចាប់អារម្មណ៍នូវវត្ថុដ៏មានតម្លៃរបស់ខ្មែរមួយនេះឡើងវិញ។ ហេតុនេះ ទើបលោកមានគំនិតច្នៃស៊ីក្លូនេះឡើងឱ្យមានប្រយោជន៍ និងមានសោភ័ណភាពឡើងវិញ ដោយស្រោបរូបរាងស៊ីក្លូគឺពណ៌មាសរំលេចពន្លឺយ៉ាងស្រស់ស្អាត។

ប្រាកដណាស់កន្លងមក លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងរបស់ខ្មែរ ធ្លាប់បានទម្លាយឆន្ទៈរបស់ខ្លួន ដោយចាត់ទុកថា ក្នុងមួយជីវិតលោក គឺរស់ដើម្បីផលិត និងលើកស្ទួយវិស័យភាពយន្តជាតិទៅកាន់ពិភពលោក៕ដោយ៖តារា


ចែករំលែក៖