ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ និងរបាំងថ្មពុះចែកផ្លូវ តែអ្វីដែលនឹកស្មានមិនដល់នោះគឺរឿងម្ចាស់ឡានស្រែកបាត់កាបូបលុយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើប យ៉ាងល្បឿនរេចង្គូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងម៉ូតូមួយគ្រឿងបណ្តាលឱ្យយុវជន២នាក់រងរបួសស្រាល តែអ្វីដែលនឹកស្មានមិនដល់បន្ទាប់ពីកើតហេតុភ្លាមៗ ស្ត្រីជាម្ចាស់រថយន្តយំភ័យព្រួយព្រោះរន្ធត់ចិត្តខណៈបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយភ្លាមៗនោះក៏មានបុរសម្នាក់ឃើញបែបនេះក៏រត់ទៅជួយនិងសួរនាំស្ត្រីនោះ តែមិនបានប៉ុន្មាននាទីផងបុរសនោះភ័យព្រួយឡើងបែកញើសជោកថ្ងាសព្រោះម្ចាស់ឡានស្រែកថាបាត់កាបូបលុយទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបក្តាន់២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចសុីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2BH-7686 បើកបរដោយស្ត្រីម្នាក់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបក្តាន់២ជាកន្លែងកើតហេតុ រថយន្តក៏បានជ្រុលល្បឿនរេចង្គូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនិង ម៉ូតូដែលកំពុងឈប់រង់ចាំភ្លើងបៃតងពេញទំហឹងបណ្តាលឱ្យយុវជន២នាក់រងរបួសស្រាល ។

បន្ទាប់ពីហេតុភ្លាមៗ ស្ត្រីជាអ្នកបើករថយន្តមិនបានចុះពីលើរថយន្តនោះទេ ដោយមានសភាពភ័យព្រួយខណៈរួបខ្លួនបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយភ្លាមៗនោះមានបុរសម្នាក់និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ឃើញហេតុការណ៍បែបនេះក៏ស្ទុះទៅជួយ និងសួរនាំស្ត្រីអ្នកបើករថយន្តដើម្បីកុំឱ្យគាត់ភ័យព្រួយអី ធ្វើចិត្តឱ្យនឹងន ខណៈបុរសរួបនោះរួមទាំងប្រជាពលរដ្ឋផ្សេងទៀតជួយសម្រួលនិងសួរនាំមិនបានប៉ុន្មាននាទីផង ស្រាប់តែស្ត្រីជាម្ចាស់រថយន្តយំស្រែកថាបាត់កាបូបលុយរបស់គាតដែលមានលុយជាង៣លានរៀល ហើយហាមឃាត់បុរសម្នាក់នោះនិងអ្នកផ្សេងៗទៀតដែលនៅក្បែរគាត់មិនឱ្យចេញពីកន្លែងកើតកើតហេតុ ដោយសង្ស័យថាមាននរណាម្នាក់លួចយកកាបូបលុយរបស់គាត់ ជាហេតុធ្វើឲ្យបុរសដែលមកជួយនោះ បែកញើសជោកថ្ងាសព្រោះម្ចាស់ឡានស្រែកថាបាត់កាបូបលុយ ទាំងដែលខ្លួនមិនបានលួច ឬ យកកាបូបនោះទេ។

ចូងក្រោយបងប្អូនសាច់ញាតិម្ចាស់រថយន្តបានមកដល់ហើយខំស្វែងរកកាបូបលុយនោះក្នុងរថយន្ត តែរកយ៉ាងណាក៏រកមិនឃើញ ហើយក៏រកមុខអ្នកណាដែលយកកាបូបនោះក៏រកមិនឃើញផងដែរ ជាលទ្ធផលសាច់ញាតិម្ចាស់រថយន្តក៏សម្រេចអនុញ្ញាតឱ្យបុរសដែលមកជួយនោះ រួមអ្នកទាំងផ្សេងទៀតឱ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ សមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដោយសាររថយន្តបង្កធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងប៉ះពាល់អ្នកដទៃ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖