ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់ ជាមុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវនគរបាលស្រុកទ្រាំង ចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួចម៉ាសុីនបូមទឹក និងជាមុខសញ្ញា លួចទ្រព្យសម្បត្តិពលរដ្ឋកន្លងមក ។ នេះបេីយោងតាមរបាយការណ៍របស់ផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារ កាសែតនគរវត្ត និងនគរដ្រេហ្គន ទទួលបាន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ ។ 

    គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍  ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក  ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៣:១២នាទី មានករណីអំពើលួច ម៉ាស៊ីនបូមទឹក០១គ្រឿង នៅផ្ទះរបស់ជនរងគ្រោះឈ្មោះអ៊ឹម ជឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិរ ។

      ក្នុងករណីនេះ ដោយនៅមុនពេលកើតជនសង្ស័យឈ្មោះ ស៊ុន ធីម ហៅឆែប ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានទូរស័ព្ទទាក់ទងទៅជនសង្ស័យឈ្មោះ ទូច សាឡែន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ អោយមកជួបខ្លួននៅវត្តអង្គរុន ស្ថិតនៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយជនសង្ស័យឈ្មោះទូច សាឡែន បានជិះម៉ូតូឌុបឈ្មោះ ជំ រក្សា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាមកជាមួយ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ុន ធីម បានជិះម៉ូតូរបស់ខ្លួនម៉ាកវេវ ពណ៍ខ្មៅ គ្មានស្លាកលេខ តាមផ្លូវលំក្នុងភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មកដល់មុខផ្ទះជនរងគ្រោះឈ្មោះ អ៊ឹម ជឿន បានឃើញម៉ាស៊ីនបូមទឹកម៉ាកយូគោហាម៉ា ពណ៍ស លាយក្រហម ទុកនៅក្រោមសំយាបផ្ទះពីខាងកើត ដោយជនរងគ្រោះមិននៅផ្ទះពេលនោះជនសង្ស័យឈ្មោះ ស៊ុន ធីម បានចូលទៅលួចម៉ាស៊ីនបូមទឹក យកទៅជួបជនសង្ស័យឈ្មោះទូច សាឡែន នៅវត្តអង្គរុន ដើម្បីយកទៅលក់បន្ដអោយឈ្មោះ ខេង ភេទប្រុស។ ភ្លាមៗនោះដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកសាកសួរអំពីរឿងហេតុ ហើយជនសង្ស័យឈ្មោះ ស៊ុន ធីម បានសារភាពថាខ្លួនពិតជាបានលួចម៉ាស៊ីនបូមទឹកពីផ្ទះឈ្មោះអ៊ឹម ជឿន ពិតប្រាកដមែន ។

    កន្លងមកនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចន្លោះម៉ោង២៣ទៅម៉ោង៣ទាបភ្លឺឆ្លងចូលថ្ងៃទី០២កុម្ភៈ ជនសង្ស័យទាំងពីរនាក់ខាងលើនេះមានការពាក់ព័ន្ធ ករណីអំពើលួចម៉ាស៊ីនបូមទឹកមួយគ្រឿងនិងរទេះអូស ដែលជារបស់ជនរងគ្រោះឈ្មោះ សំ ផល្លា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពោធ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

    នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី ជនសង្ស័យទាំងពីរនាក់ខាងលើ មានការពាក់ព័ន្ធអំពើលួចខ្សែភ្លើងចំនួន០៣ដុំ នៅផ្សារតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជារបស់ជនរងគ្រោះឈ្មោះទឹម សុភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករ (លក់សម្ភារៈអគ្គិសនី) រស់នៅភូមិកើតហេតុខាងលើ ។

      ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៩:០០នាទី  ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ធីម ,ទូច សាឡែន រួមទាំងមធ្យាបាយម៉ូតូចំនួន០២គ្រឿង ១-ម៉ាកវេវ ពណ៍ខ្មៅ គ្មានស្លាកលេខ ២-ម៉ាកស្មាសវី ពណ៍ខ្មៅ ពាក់ផ្លាកលេខតាកែវ ១F  ២៦៥៣ និងទូរស័ព្ច០១គ្រឿង ពណ៌ខ្មៅ ដើម្បីកសាងសំណុំរឿង។ ចំណែកវត្ថុតាងម៉ាស៊ីនបូមទឹក ផ្នែកជំនាញបានប្រគល់ជូនជនរងគ្រោះវិញ។ ក្នុងនោះដែរ ផ្នែកជំនាញបានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យឈ្មោះ ស៊ុន ធីម និងឈ្មោះ ទូច សាឡែន លទ្ធផលវិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោមផងដែរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖