ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាប និងស្រាវជ្រាវករណីឃាតកម្មប្រើកូនកាំបិត ចាក់បណ្តាលឱ្យស្លាប់ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ឃាតកដែលចាក់សម្លាប់មិត្តភិក្កខ្លួនស្លាប់ ដោយសារផឹកស៊ីទាស់ពាក្យសម្តីគ្នា នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១៖២០នាទី មានករណីឃាតកម្មមួយកើតឡើងនៅត្រង់ចំណុច ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ជីវ័ន្ត ហៅ ពយ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពស្ទុះយកកាំបិតចាក់សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានទាស់ពាក្យសម្តី និងប្រតាយប្រតប់ ក្នុងវង់ផឹងស៊ី ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស មិនចាំផ្លាកលេខគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅត្រង់ចំណុច ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះប្រាកដមែន ក្រោយពីទាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។

បច្ចុប្បន្ននាយកដ្ឋាន កំពុងអនុវត្តបន្ដតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖