ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមកោតសរសើរចំពោះលោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះសារយ៉ាងដូច្នេះថា ៖ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ 

សម្តេចធិបតី បន្តថា ៖ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ 

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ 

ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖