ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋបានបង្ហាញមោទនភាពដែលកម្ពុជាក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្នដែលបានផ្តួចផ្តើមគំនិតជីកព្រែកជីកហ្វូណនតេជោ និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានបន្តដឹកនាំប្រទេសឱ្យរីកចម្រើននិងសម្រេចបានគម្រោងជាប្រវត្តិសាស្ត្រនេះ។
ការបង្ហាញនូវការគាំទ្រ និងការត្រៀមចូលរួមអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោធ្វើឡើងក្នុងឱកាសពិធីប្រគេនទៀនចំណាំព្រះវង្សាដល់វត្តចំនួន២២ ស្ថិតក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។
ព្រះសង្ឃ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ បានសម្តែងនូវការអបអរសាទរ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានសារៈសំខាន់នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជភាពខាងនយោបាយដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែររាប់ជំនាន់ទៅមុខ។
នៅថ្ងៃទី៥ ខែសីហា ខាងមុខដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ, បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង៩:០៩នាទីព្រឹកនៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្តអារាម សាលារៀន ឱ្យបានក្លៀវក្លា និងអធិកអធម ជាទីមោទនៈ៕
ដោយ ៖ សិលា