ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីហ្វេសប៊ុកផ្លូវការរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិដ្ឋភាពការដ្ឋានគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
គួររម្លឹកថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ និងសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងមានក្រុមហ៊ុនក្វាងចូវវ៉ានអានជាទីប្រឹក្សាគម្រោង។
ផ្អែកតាមការគ្រោងទុក, ក្រោយពេលស្ពានត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការរួច នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
ស្ពាននេះ ក៏ជាសមិទ្ធផលស្ពានទី៧ នៅរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕
ដោយ៖ តារា