ព័ត៌មានទាន់ហេតុការណ៍៖

នាយចេកខ្ចីមានវិបត្តិធ្ងន់ធ្ងរដោះមិនចេញ បាន​ទិញ​សាំង​បី​ដបមក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​ដុត​ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ​បុរស​ម្នាក់​មិនដឹង​ជាមាន​វិបត្តិ​អ្វី​នោះ​ទេ បានធ្វើ​អត្ត​ឃា​​តដោយ​បាន​ទិញ​សាំង​បី​ដបមក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​ដុត​ខ្លួនឯងទាំង​រស់ បណ្តាល​ឱ្យ​ស្លា​ប់​យ៉ាងអាណោចអាធ័ម នៅ​ចំណុច​ទីតាំង​ដី​ឡូ​ត៍ក្នុងភូមិ​ត្រពាំង​ប្លុង​ទី​១ ឃុំ​ត្រពាំង​ប្លុង ស្រុក​ពញាក្រែក នៅថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ២០២៤​នេះ។

    មន្ត្រីនគរបាលស្រុកពញាក្រែកបានប្រាប់​ឱ្យដឹង​នា​ព្រឹកថ្ងៃ​ទី​២៦ ខែកក្កដា​នេះថា គេ​បានឃើញ​បុរស​ឈ្មោះ ហម ដ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ប្លុង​ទី​១ ទើបតែ​បាន​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​មានរឿង​ហេតុនេះ​បាន​កើតឡើង ដោយ​មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​ទៅ​ជួយ​អន្តរាគមន៍​បានទាន់​ពេល​នោះ​ទេ ។

   ប្រភពខាងលើបន្ត​ឱ្យដឹង​ទៀត​ថា៖ កាលពី​វេលា​ម៉ោង​១២​និង៥០នាទីរសៀលថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជនរងគ្រោះបាន​ចូល​ហូប​បាយ​នៅផ្ទះ​លក់​បាយមួយ​កន្លែងស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ប្លុង​ទី​១ ព្រមទាំង​បញ្ចូល​ថ្ម​ទូរស័ព្ទ​ផ្ញើ​អ្នកលក់​បាយ ហើយ​បុរស​នេះ​បាន​ដើរ​ចេញ​តាម​បណ្ដោយ​ផ្លូវថ្នល់​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រពី​កន្លែង​នោះ ហើយ​ក៏​បាន​យក​សាំង​ចំនួន​បី​ដប​តូច​ស្មើ​មួយ​លី​ត្រ​កន្លះ ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​កេះដែកកេះ​ដុត​ខ្លួន​បណ្ដាល​ឱ្យ​ឆេះ​បង្ក​ការភ្ញាក់ផ្អើល​តែម្តង។

   នៅ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​ជួយ​ជន​រង​គ្រោះ​បាន​ទាន់ពេលវេលាទេ ជា​ហេតុ​បណ្ដាល​ឱ្យ​ដួល​ដេក​ទៅ​លើ​ដី បន្ទាប់​មក​បានស្លាប់។ បន្តិចក្រោយមកទើប​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់ ក្នុង​គោលបំណង​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​ហួសពេល​បាត់ទៅ​ហើយ ។

ជាមួយ​នោះ​សមត្ថកិច្ច​បានស្រាវជ្រាវ ហើយ​ផ្ទះ​លក់​បាយ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ជន​រង​គ្រោះ​បាន​ផ្ញើ​ទុក​នៅ​ទីនោះមក​បើកមើល​តាម​បណ្ដាញ​សង្គម​ឆាត​ប្រាប់​ទៅ​គេឯង​រួម​ទាំង Telegram រូបគេ​សុំ​លា​អ្នក​ទាំងអស់​គ្នា​គ្មាន​ថ្ងៃ​វិល​វិញ ។

   សមត្ថកិច្ច​​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​ដាច់​ចិត្ត​ធ្វើ​អត្ត​ឃាត​យ៉ាង​ដូច្នេះ អាច​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​លុយកាក់​ដោះស្រាយ​មិន​ចេញ ឬ​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វីមួយ​បានជា​គិត​ខ្លី​ដោយសម្រេចចិត្ត​ទិញ​សាំង​មក​ចាក់​ស្រោច​លើ​ខ្លួន​ដុត​ទាំង​រស់ ធ្វើ​អត្ត​ឃាត​យ៉ាង​ដូច្នេះ ។ បុរស​ដែល​ស្លាប់​នេះ មាន​រហស្សនាម​ថានាយ​ចេក​ខ្ចី​ ក្នុងក្រុម​កំប្លែង​មួយ​នៅ​រាជធានី​ភ្នំពេញ ហើយ​រយៈពេល​៥​ខែទៅ​១​ឆ្នាំ ទើប​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ខេត្តក្រចេះ​ម្ដង ។

    រហូត​ដល់​វេលា​ម៉ោង​១​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ប្រគល់​សពឱ្យទៅ​សាច់ញាតិដើម្បី​យក​ទៅ​ធ្វើបុណ្យ​ ។

ដោយឡែកមុន MC ចេកខ្ចី សម្រេចចិត្តធ្វើអត្តឃាត គេបានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកកាលពី ៤ ថ្ងៃមុន ពោលគឺនៅថ្ងៃទី ២០ ខែកក្កដា កន្លងទៅ លោកបានប្រមូលរូបថតអនុស្សាវរីយ៍ចាស់ៗជាច្រើនមកបង្ហោះ ព្រមជាមួយពាក្យពេចន៍ប្លែកៗ បង្គប់អារម្មណ៍សោកស្ដាយ ក្រៀមក្រំ ព្រមទាំងមានពាក្យសម្ដីលាអ្នកទាំងអស់គ្នាយ៉ាងក្ដុកក្ដួលទៀតផង ប៉ុន្ដែគ្រប់គ្នាហាក់ស្មានមិនដល់ថាលោកគិតខ្លីបែបនេះឡើយ។

សារដ៏កម្សត់នោះនាយចេកខ្ចី បានរៀបរាប់ថា ៖ «អ្វីៗនៅសល់តែអនុស្សាវរីយ៍ប៉ុណ្ណោះ ស្ដាយណាស់ខ្ញុំមិនអាចជួបរឿងទាំងនេះទៅមុខទៀត។ ដល់ពេលវេលាដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីបងប្អូនហើយ។ មើលទៅខ្ញុំអស់បុណ្យត្រឹមនេះហើយ។ ផែនដីនេះលែងមានចំណែកខ្ញុំទៀតហើយ។ សុំទោសអ្នកម្ដាយរបស់កូនផង ដែលអ្វីៗកូនមិនបានធ្វើដើម្បីអ្នកម្ដាយបន្តទៀតបាន ព្រោះកូនអស់ក្តីសង្ឃឹមនឹងបន្តដំណើរទៅមុខទៀតហើយ មនុស្សជាទីស្រឡាញ់ទាំងឡាយអើយខ្ញុំទៅមុនហើយ…..សូមអហោសិកម្មឱ្យខ្ញុំគ្រប់ៗគ្នាផង សាធុ សាធុ”៕

ដោយ៖ សូរិយា


ចែករំលែក៖