ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌ​ស្រីស្នេហ៍​ យកខែ្សភ្លើងរឹតកបម្រុងសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួលចុងក្រោយ….

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ក្រុង​ពោធិ៍សាត់​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ដោយបានធ្វើសកម្មភាពយកខែ្សភ្លើងរឹតកបម្រុងសម្លាប់នារីជនរងគ្រោះនៅក្នុងបន្ទប់ជួលបណ្តាលឱ្យសន្លប់កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ធ្វេីតេស្តសារធាតុញៀន វិជ្ជមាន(+) ឈ្លោះប្រកែកគ្នាពាក្យសម្ដីជាមួយឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ បានធ្វើសកម្មភាពយកខែ្សភ្លើងរឹតកបម្រុងសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួលបណ្តាលឱ្យសន្លប់និងមានចេញឈាមតាមច្រមុះ។

ក្រោយពីទទួលបាន ព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ចេញបទបញ្ជាអោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ចុះទៅទីតាំងកន្លែងកេីតហេតុនិងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រីឯជនរងគ្រោះឈ្មោះ ម៉េត ស្រីលីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

វត្ថុតាងដែលធ្វេីសកម្មភាព៖

១-ខ្សែភ្លើងពណ៌ខ្មៅប្រវែង ១,២៣ ម៉ែត្រ ។

២-ខ្នើយកើយពណ៌ក្រហមចំនួន ០១ បណ្តោយ ប្រវែង ០,៤៩ ម៉ែត្រ ទទឹង ប្រហែល ០,៣៥ ម៉ែត្រ ។

៣-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខៀវ ។

សូមបញ្ជាក់៖​ ករណីហិង្សាខាងលេីនេះដោយសារការប្រចណ្ឌ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖