ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជានេះ បានមានប្រសាសន៍ថា ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្តល់ជាអនុសាសន៍ និងគំនិតមួយចំនួនដូចខាងក្រោម៖ ទី១. ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារ អភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើម ភាគតិច។
ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទី៤. ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃ ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគ តិច និងសាធារណជន។
ទី៥. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង ក្នុងនាមជនជាតិខ្មែរតែមួយ ៕
ដោយ ៖ សិលា