ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន១០០០ នាក់» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលស្តាប់ពីកង្វល់របស់ប្រជាជន ពោលគឺអ្នកស្រប អ្នកមិនស្រប អ្នកនៅកណ្តាល ហើយធ្វើយ៉ាងណាដើម្បីដោះស្រាយកង្វល់ និងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ជាពិសេសរួមគ្នាអភិវឌ្ឍន៍ខេត្តទាំង៤នេះ ធានាឱ្យបានមិនបាត់អធិបតេយ្យភាព និងមិនបាត់បង់ទឹកដី មិនត្រឹមតែខេត្ត៤នេះទេ ប៉ុន្តែទូទាំងប្រទេសត្រូវធ្វើឱ្យបានសម្រាប់កូនចៅបន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងមិនអាចធ្វើបានទេ បើយើងបែកបាក់ ហើយកាប់ចាក់គ្នា ដូច្នេះយើងមិនត្រូវធ្វើអ្វីអោយហួសពីព្រំដែនច្បាប់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការធ្វើបាតុកម្មនាពេលនេះគឺមិនមែនការធ្វើបាតុកម្មបញ្ចេញមតិអោយកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នោះទេ គឺរៀបចំធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលតែម្តង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ការស្ដាប់ និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជារឿងចាំបាច់ និងសំខាន់ដែលត្រូវតែធ្វើ និងដាក់ចេញ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានដោះស្រាយបញ្ហា នៃការកាត់ទឹកប្រាក់ដុល្លារប្រលាក់ ឬរហែក ដោយបានប្រជុំជាមួយវិស័យឯកជន ខ្ញុំតែងតែជួបក្រៅផ្លូវការជាមួយពួកគាត់ ដើម្បីរកដំណោះស្រាយផ្សេងៗ ក្នុងនោះបានជួបជាមួយវិស័យឯកជន និងវិស័យធនាគារ ដើម្បីរកវិធានការបន្ធូបន្ថយសម្ពាធ ដល់ប្រជាពលរដ្ឋ»។
សម្ដេចធិបតីបានបញ្ជាក់ថា ៖ ជាការពិតវិស័យឯកជនជាអ្នកបង្កើតការងារ ដូច្នេះប្រសិនបើវិស័យឯកជនមានបញ្ហា អាជីវកម្មណាមួយ នឹងអាចប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ៖ «ប៉ុន្មានខែបន្ទាប់ពីខ្ញុំបានឡើងជានាយករដ្ឋមន្រ្ដី យើងមានវិស័យឯកជនជួប ជាមួយប្រមុខរាជរដ្ឋាភិបាល ដោយបានផ្ដល់គោលការណ៍អនុគ្រោះជាច្រើន ដើម្បីឲ្យដកដង្ហើម ឥឡូវនេះខ្ញុំកំពុងឲ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយវិស័យឯកជន ដើម្បីរកវិធីណាជួយពួកគាត់ ហើយពួកគាត់នឹងបន្ដជួយ ដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ធួសម្ភាធនេះ»៕
ដោយ ៖ សិលា