ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យលោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម ជំរាបលា និងឧទ្ទេសនាម លោក រ៉បបឺត ហលណេស នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា កាន់តំណែងងថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបពិភាក្សាជាមួយ ប្រតិភូអគ្គស្នងការនគរបាលជាតិ ភាគីនគរបាលអង់គ្លេស លោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ ទទួលការងារទំនាក់ទំនង អន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការ និងសូមថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដែលមាននាយកដ្ឋាន-អង្គភាពជំនាញ ជាពិសេសអង្គភាពនគរបាលអន្តរជាតិ ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការ សម្របសម្រួល ភ្ជាប់ទំនាក់ទំនងជូនតំណាងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស បានបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងនាយកដ្ឋាន-អង្គភាពជំនាញ ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ក្នុងនាម លោកអគ្គស្នងការនគរបាលជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងនគរបាលជាតិកម្ពុជា និងនគរបាលអង់គ្លេស។ លោកក៏បានបានកោតសរសើរ និងឯកភាពចំពោះការលើកឡើងរបស់តំណាងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស និងបានបញ្ជាក់បន្ថែមអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ការជួយជ្រោមជ្រែងទៅលើមធ្យោបាយឧបករណ៍ សម្ភារៈ បច្ចេកទេស និងការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រី ផ្ដោតទៅលើមុខជំនាញសំខាន់ៗ ដែលបម្រើឲ្យកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង ក៏បានស្នើដល់ភាគីអង់គ្លេស ឱ្យជួយធ្វើការចែករំលែកបទពិសោធន៍ និងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងបទល្មើសការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាការពង្រឹងបន្ថែមក្នុងការបង្ក្រាបបទល្មើស។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ក្នុងនាម លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់លោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនង អន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ និងសូមជូនពរ សម្រាប់ការបំពេញភារកិច្ចនៅកន្លែងថ្មី ជួបតែសេចក្ដីសុខ ទទួលបានជោគជ័យគ្រប់ភារកិច្ច ។ ហើយក្នុងនោះក៏សូមសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក រ៉បប័ត ហលណេស នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា កាន់តំណែងថ្មី ដែលមកបំពេញការងារឲ្យទទួលបានជោគជ័យ បង្កើនកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ប្រចាំប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានផ្លែផ្កា និងរីកចម្រើនទៅមុខបន្ថែមទៀត៕
ដោយ៖ តារា