ព័ត៌មានទាន់ហេតុការណ៍៖

Update អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី៣ព្រឹកមិញសម្លាប់ស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ហេតុការណ៍គ្រោះ អគ្គីភ័យឆាបឆេះផ្ទះលក់ដូរមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៩ នឹង ២០នាទីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះរកឃេីញសពស្ត្រីម្នាក់។

សពស្រ្ដីរងគ្រោះមានឈ្មោះ សាយ សារឿន អាយុ៥០ ឆ្នាំ ជាម្ចាស់ផ្ទះ មានប្តីឈ្មោះហួរ ថៃអេង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: មន្ត្រីរាជការ ។

បើតាមប្រភពពីពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំ យីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរ ក៏មានឮសម្លេងផ្ទុះជាច្រើនដង ចេញពីក្នុងផ្ទះខាងលើ ភ្លាមៗអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ តែមិនអាចគ្រប់គ្រងបាន បង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញ បង្កនិងពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបណ្ដាលឱ្យឆាបឆេះផ្ទះចំនួន០១ខ្នងទាំងស្រុង និងសម្លាប់ស្ត្រីជាម្ចាស់ផ្ទះស្លាប់ក្នុងគំនរថ្ម ថែមទាំង រថយន្តឡិចសុីស ២០០T មួយគ្រឿង ,ម៉ូតូ០១គ្រឿង រួមនឹងសម្ភារៈលក់ដូរទាំងស្រុង។

ផ្ទះខាងលេីប្រភេទសំណង់: ថ្មប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ X ១៦ម៉ែត្រ ។

ចំពោះករណីឆាបឆេះនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ដោយក្នុងនោះមានរថយន្តពន្លត់របស់កងរាជអាវុធហត្ថ , រថយន្តរបស់ស្នងការរាជធានី , រថយន្តសួន ឧស្សហកម្មកាណាឌីយ៉ា , រថយន្តជំនួយស្រាបៀរកម្ពុជា, រថយន្តពន្លត់ របស់កងទ័ពពិសេស ៩១១ បានមកដល់ទីតាំងខាងលើ បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវនឹងសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

អត្ថបទ៖ សុខាសែនជ័យ


ចែករំលែក៖