ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តទាំង៤ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សម្តេចបានណែនាំឱ្យរៀបចំឱ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន បានទៅដល់ខេត្តទាំង៤ និងបានមើលឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែនរបស់យើង ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកសម្តេចក៏ធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងខេត្តទាំង៤នោះឱ្យបានច្រើនផងដែរ ប៉ុន្តែក្នុងករណីដែលពួកគាត់បារម្ភរឿងចំណាយ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធីដំណើរកម្សាន្តតាមរយៈការផ្តល់មធ្យោបាយដឹកជញ្ជូននិងអាហារដោយមិនគិតថ្លៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសារជាថ្មីម្តងទៀត ដល់យុវជន ពិសេសនិស្សិត ឱ្យទៅទស្សនាឱ្យបានស្គាល់ថាតើព្រំដែនរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងណា និងដើម្បីស្វែងយល់ពីការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យរៀបចំកញ្ចប់លើកទឹកចិត្ត ដល់អ្នកវិនិយោគ នៅតំបន់ភូមិភាគឦសាន្ត ពិសេសលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឱ្យបោះទុនវិនិយោគកាន់តែច្រើន។

សម្តេចបានជំរុញឱ្យរៀបចំកញ្ចប់លើកទឹកចិត្តនេះឱ្យបានឆាប់ ឱ្យរួចរាល់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ ២០២៥។

សម្តេចចាត់ទុកថា ការដាក់ចេញនូវការលើកទឹកចិត្ត ជំរុញការវិនិយោគក្នុងស្រុកនេះ ជាផ្នែកមួយ ក្នុងការដោះស្រាយ នូវកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ដែលបារម្ភអំពីការបាត់បង់ទឹកដី ពាក់ព័ន្ធគម្រោងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ។

ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញនេះ ៕ 

ដោយ ៖ សិលា


ចែករំលែក៖