ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកលឿនទៅបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របើករំលោភភ្លើងស្តុបទៅបុកម៉ូតូហុងដាឌ្រីមអូសជាច្រើនម៉ែត្រ រួចហើយរថយន្តបង្កបើកគេចទៅបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១និង១៥នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវសុី ជីនពីង ចំណុចភ្លើងស្តុបកែងផ្លូវបេតុងវត្តជន្លង់ម្លូ ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឿន ប្រុសសាក់ អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅឯខេត្តសៀមរាប ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ អែម រដ្ឋា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរខាងគ្នា មានស្រុកកំណើតនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របួសបាក់ដៃស្តាំ និងបាក់ជើងឆ្វេង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-879 ឌុបគ្នាតាមផ្លូវបេតុងវត្តជន្លង់ម្លូ ក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវសុី ជីនពីង ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកលឿនពីជើងទៅត្បូង រំលោភភ្លើងស្តុប ទៅបុកម៉ូតូអូសជាច្រើនម៉ែត្របោកផ្ទប់នឹងខឿនទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយរថយន្តបើករត់គេចចូលការាស់បាត់ ។

បន្ទាប់ពីកើតហេតុ ជនរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសាកសពយុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តសៀមរាប ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងស្រាវជ្រាវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរករថយន្តបង្កយកទៅដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖