ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិកម្ពុជាក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជន គឺជាគោលដៅ និងការប្តេជ្ញាចិត្តធំបំផុតរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាល ហើយរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋឱ្យរួបរួមគ្នាដើម្បីកសាងប្រទេសជាតិឱ្យរឹងមាំ ព្រោះថា គ្មានអ្នកណាដែលស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។ 

សម្តេចបានប្រកាសថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមធានាចំពោះមុខប្រជាពលរដ្ឋ ចំពោះព្រះភក្ត្រ ព្រះថេរានុថេរ ក៏ដូចជាជនរួមជាតិទាំងអស់ថា រាជរដ្ឋាភិបាលសូមធានាថា បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន គឺជាអ្វីដែលជាគោលដៅ និងជាការប្តេជ្ញាចិត្តធំបំផុតរបស់ រាជរដ្ឋាភិបាល»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ជឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយរួមគ្នាជាមួយរដ្ឋាភិបាល នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិ ក៏ដូចជាជំរុញក្នុងការអភិវឌ្ឍប្រទេសជាតិយើង ដើម្បីឱ្យខ្មែរកាន់តែខ្លាំង ខ្មែរកាន់តែរួមគ្នាដើម្បីកំណត់ជោគវាសនារបស់ខ្មែរ«គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ គ្មាននរណាការពារផលប្រយោជន៍ខ្មែរជាងខ្មែរទេ ដូច្នេះខ្មែរត្រូវតែរួមគ្នាដើម្បីខ្មែរខ្លាំង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី៕

ដោយ ៖ សិលា


ចែករំលែក៖