ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត៣០នាក់ដោយគ្រោះទឹកជំនន់ នៅរដ្ឋ Gujarat ប្រទេសឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា រយៈពេល៣ថ្ងៃមកនេះ ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់ នៅរដ្ឋ Gujarat បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ២៨នាក់ ក្នុងនោះមានខ្លះស្លាប់ ដោយលង់ទឹក និងខ្លះទៀតដោយសារដើមឈើបាក់សង្កត់លើ។
នាយកដ្ឋានឧតុនិយមបានព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងថែមទៀត បន្តមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅរដ្ឋ Gujarat ខណៈមនុស្សជាង ៣០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ រដ្ឋបាលនៃរដ្ឋ Gujarat បាននិយាយថា មនុស្ស១៣នាក់ស្លាប់ ដោយសារលង់ទឹក ហើយក្រៅពីនោះ គឺដោយសារផ្ទះឬដើមឈើរលំលើ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា Indian Express បានរាយការណ៍ថា មានមនុស្សរហូតដល់៣៥នាក់ នៅទូទាំងរដ្ឋ Gujarat បានបាត់បង់ជីវិត។
ទន្ទឹមគ្នានេះ រដ្ឋ Tripura នៅភាគឦសានប្រទេសឥណ្ឌា ក៏បានទទួលរងគ្រោះ ដោយសារទឹកជំនន់និងបំណាក់ដី កាលពីសប្តាហ៍មុនផងដែរ ដោយមនុស្សជាង២០នាក់បានស្លាប់។ រីឯនៅប្រទេសជិតខាងគឺបង់ក្លាដែសវិញ ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោច៤០នាក់ អំឡុងពេលដូចគ្នា ដោយប្រជាជនជិត៣០០,០០០នាក់ ត្រូវរត់ទៅស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន៕

ដោយ៖ ធីរីណា(រូបថត​៖ Reuters)


ចែករំលែក៖