ភ្នំពេញ ៖ កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វេីការហាមប្រាមមិនឱ្យយុវជនជិះម៉ូតូបេីកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គិភ័យនោះឡេីយ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ខណៈក្រុមរថយន្តសង្គ្រោះបន្ទាន់ ឬរថយន្តពន្លត់អគ្គិភ័យមានសុីរ៉ែនបេីកឮខ្លាំងដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវទៅហេីយ ។ ពិតណាស់ការជិះម៉ូតូលឿនៗជួយសម្រួលចរាចរណ៍បែបនេះបានធ្វេីឱ្យយុវជន០២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនដេីម្បីជួយសម្រួលចរាចរណ៍ដល់រថយន្តសង្គ្រោះបន្ទាន់ ហើយជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍កំពុងបត់ទទឹងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នៅចំណុចមុខក្រុមហ៊ុនក្រឡុកសុីម៉ងត៍រូបដំរី ស SCG តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញយុវជន៤នាក់ជិះម៉ូតូ២គ្រឿងធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ដោយមានអ្នកលើកដៃនិងសុីផ្លេជាសញ្ញាឲ្យម៉ូតូទៅមុនដេីម្បីបើកផ្លូវឲ្យរថយន្តសង្រ្គោះបន្ទាន់ ខណៈមកដល់ចំណុចកេីតហេតុ ជាចៃដន្យយុវជន២នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AJ-5868 បានបុករថយន្តម៉ាកHINO ប្រភេទក្រឡុកសុីម៉ងត៍ ពណ៍ទឹកប៊ិក ពាក់ផ្លាកលេខ តាកែវ 3A-2481 កំពុងបេីកចេញពីក្រុមហ៊ុន ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល០២នាក់ រីឯម៉ូតូគាបជាប់កាងរថយន្តបង្កផងដែរ ។
ក្រោយកេីតហេតុ យុវជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកច្បារអំពៅ មកដឹកយកទៅសង្គ្រោះ ។ ដោយឡែកអ្នកបេីករថយន្តបង្កបានគេចខ្លួនបាត់ ទេីបសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ