ព័ត៌មានទាន់ហេតុការណ៍៖

ទស្សន:មិត្តអ្នកអាន៖ ខ្មែររួបរួមសាមគ្គីគ្នា ពិតជាអាចធ្វើបាន !

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយការប្រកាសបង្កើតឡើងនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែនភាគឦសានរបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មក គេសង្កេតឃើញមានចរន្តចូលរួមបរិច្ចាគថវិកាដោយស្មគ្រចិត្តយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណ: រួមមាន កុមារា កុមារី និស្សិត បញ្ញាវន្ត កម្មករ កសិករ ព្រះសង្ឃ អ្នកជំនួញ អាជីករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស។ 

ចរន្តចូលរួមដ៏សន្ធឹកសន្ធាប់នេះបង្ហាញនូវស្មារតីរួបរួមជាតិតែមួយ ដែលជាធ្លុងសាមគ្គីរបស់ប្រជាជនដ៏រឹងមាំក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍជាតិនៅតាមខ្សែរក្រវាត់ព្រំដែនប្រកបដោយមោទនភាពនៃជាតិខ្មែរទាំងមូល។ 

សារអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋខ្មែរដែលបារម្ភពីបញ្ហាបូរណភាពទឹកដីនាពេលនេះ បានចាក់ចំបេះដូងប្រជាជនកម្ពុជាក្នុងការសម្តែងនូវទឹកចិត្តក្នុងការគាំទ្រ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយ:ការចូលរួមជាថវិកាដោយស្មគ្រចិត្ត  បើទោះបីការចូលរួមថវិការបស់ពួកគាត់តិចក្តី ច្រើនក្តី ក៏ប្រជាពលរដ្ឋជឿជាក់ថាខ្មែរពិតជាអាចធ្វើបាន ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនជាប់ប្រទេសជិតខាងយើងមានដូចជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ ល។ 

ទឹកចិត្តលះបង់ថិកាដោយស្មគ្រចិត្តឥតរារែករបស់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណ:នាពេលនេះដោយសារតែកន្លងមករាល់ការអំពាវនាវកៀងគរថវិការបស់រាជរដ្ឋាភិបាល សុទ្ធតែបានយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងសក្តិសិទ្ធភាព ហើយទទួលបានមកវិញនូវសមិទ្ធផលពិតៗ ជាក់ស្តែងមិនធ្វើប្រជាភិថុតិ មិនបោកប្រាស់ឬភូតកុហក់ប្រជាជនឡើយ ឧទាហរណ៌ដូចជា មូលនិធិកសាងផ្លូវនៅតំបន់ប្រាសាទព្រះវិហារ មូលនិធិប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជាដើម ។ ល។ 

មិនដូចក្រុមជនជ្រុលនិយមមួយក្តាប់តូចដែលតែងតែប្រឆាំងគ្រប់រឿង គ្រប់ហេតុការណ៌ គ្រប់គម្រោងអភិវឌ្ឍនោះទេ មកដល់ពេលនេះហើយពួកគេនៅតែអួតថាខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី ខ្លាចបាត់បង់ទឹកដី ប៉ុន្តែគេមិនឃើញពួកនេះបានចូលរួមថវិកាសូម្បីតែមួយសេនឡើយ។ ពួកក្រុមជ្រុលនិយមទាំងនេះមានតែសម្លេងស្នេហាជាតិក្លែងក្លាយ ស្រឡាញ់ទឹកដីពីចម្ងាយ ចង់អភិវឌ្ឍប្រទេសកម្ពុជាពីជើងមេឃប៉ុណ្ណោះ ប៉ុន្តែមិនដែលបានមកមើលឱ្យឃើញជាក់ស្តែង មិនដែលបានជួយកសាងសូម្បីតែបង្គន់មួយឬអណ្តូងទឹកមួយដើម្បីជួយប្រជាជនឡើយ។ បើនិយាយពីការបង្កើតមូលនិធិប្រមូលថវិការបស់មេដឹកនាំក្រុមជនជ្រុលនិយមទាំងនោះវិញ គឺពួកគេតែងតែបោកប្រាស់ថវិការបស់ប្រជាជនដែលបានចូលរួមយកទៅស៊ីចាយហឺហារបាត់ស្រមោលឈឹងតែម្តង តួយ៉ាងដូចជា មូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិថ្ងៃ៩វិច្ឆិកា មូលនិធិនាឡិកាដៃ ជាដើមគឺសុទ្ធតែបោកប្រាស់លុយប្រជាជនយកទៅធ្វើមានបានជារបស់ផ្ទាល់ខ្លួនទាំងអស់។ ជាលទ្ធផល ក្រុមជនជ្រុលនិយមទាំងនោះតែងត្រូវទទួលបរាជ័យគ្រប់ព្រឹត្តិការណ៌ដែលពួកគេបានបង្កើត និងបានបាត់បង់នូវកាគាំទ្រពីប្រជាជនទាំងស្រុង។ 

ផ្ទុយមកវិញ ប្រជាជនកម្ពុជាកាន់តែមានភាពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ តាមរយ:ការបង្ហាញនូវសកម្មភាពចូលរួមជាក់ស្តែងប្រកបដោយស្មារតីសាមគ្គីភាពដ៏ក្លៀវក្លាពីគ្រប់ទិសទី និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការកសាង និងអភិវឌ្ឍជាតិ។ តាមរយ:យុទ្ធនាការអំពាវនាវឱ្យមានការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្សែរក្រវាត់ព្រំដែននេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបដែរ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនិងសូមចូលរួមជាថវិកាមួយចំនួនផងដែរដើម្បីរួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍជាតិជាមួយប្រជាជនកម្ពុជាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃចលនាមហាសាមគ្គីជាតិដ៏ធំធេងរបស់ប្រជាជនកម្ពុជានាពេលនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដីគឺខ្មែរពិតជាអាចធ្វើបាន និងចង់ឃើញអនាគតប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើននាពេលអនាគត៕ 

ដោយ៖ ឌី វីរ:


ចែករំលែក៖