ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១១ ខែសីហា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប លាពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
លោកស្រី Bu Jianguo បានថ្លែងអំណរគុណ សម្តេចតេជោ និងរាជរដ្ឋាភិ បាលកម្ពុជា ដែលបានគាំទ្របេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនៅកម្ពុជា ដែល បានជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយប្រមុខដឹកនាំចិនជាច្រើន រួមទាំង លោកប្រធានាធិបតីចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang ហើយគម្រោងជាច្រើនក៏ត្រូវបានអនុវត្តប្រកបដោយលទ្ធផលផ្លែផ្កាផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍ជម្រាប លោកស្រី Bu ថាក្នុងរយៈពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមាន ភាពសកម្មខ្លាំងឡើងដែលបានធ្វើឡើងជាលក្ខណៈទ្វេភាគី ក្នុងកម្រិតតំបន់ និងជាពិសេសក្នុងក្របខណ្ឌអាស៊ាន-ចិន។
លោកស្រី Bu Jiangguo បានតាមដានសកម្មភាព សម្តេចតេជោតាមរយៈ Facebook សម្តេចផ្ទាល់ដែលបានមើលឃើញអំពីសកម្មភាពរស់រវើកចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋនៅក្នុងប្រទេស។ លោកស្រីក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ គឺជាអ្នកដឹកនាំ វៃឆ្លាតប្រកបដោយបទពិសោធន៍ជ្រៅជ្រៅបំផុតដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើនដល់ កម្ពុជា ហើយសម្តេចតេជោ ក៏ជាប្រមុខដឹកនាំដែលទទួលបានការគោរពស្រឡាញ់ពីប្រជាជនចិន និងកំពុងមានប្រជាប្រីយភាពខ្លាំងបំផុតនៅក្នុងប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកជំទាវ Bu អំពីគម្រោងអញ្ជើញទៅ ធ្វើទស្សនៈកិច្ច និងចូលរួមប្រជុំនៅខេត្ត Chongging នៃប្រទេសចិនខាងមុខ នេះ ក្នុងនោះ សម្តេចតេជោ នឹងអញ្ជើញចូលរួមពិធីតាំងពិពណ៌អាស៊ាន-ចិន នៅខេត្ត Nanning ផងដែរ។
តាមរយៈបេសកកម្មការទូតរបស់លោកស្រី Bu Jiangguo នៅកម្ពុជា គឺបានជួយសម្រួលដល់គម្រោង អភិវឌ្ឍន៍ជាច្រើនដែលត្រូវបានសាងសង់ឡើងក្រោមជំនួយពីមិត្តចិន ដូចជាផ្លូវថ្នល់ និងស្ពានធំៗ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណមិត្តចិនដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានជូនពរលោកស្រី Bu Jianguo អោយទទួលបានជោគជ័យថ្មីៗទៀតនៅក្នុងបេសកកម្មការទូតជាបន្តបន្ទាប់ខាងមុខនេះ ៕