ព័ត៌មានទាន់ហេតុការណ៍៖

ខណៈការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ ក្រសួងមុខងារសាធារណៈ បានគិតគូរ ហើយបាន និងកំពុងកែទម្រង់ផ្ទៃក្នុងក្រសួងជាបន្តបន្ទាប់រួចជាស្រេចហើយ

ចែករំលែក៖

 

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  បានលើកឡើងថា “មុនធ្វើការកែទម្រង់នានា ត្រូវកែទម្រង់ និងកែលម្អខ្លួនឯងជាមុនសិន”។ ខណៈការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ ក្រសួងមុខងារសាធារណៈ បានគិតគូរ ហើយបាន និងកំពុងកែទម្រង់ផ្ទៃក្នុងក្រសួងជាបន្តបន្ទាប់រួចជាស្រេចហើយ ដូចជាការកែសម្រួលរចនាសម្ព័ន្ធក្រសួង ការពង្រឹងប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់ និងគ្រប់គ្រងមន្ត្រី ប្រព័ន្ធវត្តមាន របៀបរបបការងារ របបប្រជុំ ការរៀបចំនិយាមអនុវត្តការងារ និងការងារជាច្រើនទៀតរួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រសួងជាដើម។ លោកបានបន្ថែម។ 

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកដល់មន្ត្រីគ្រប់ៗរូបថា “សូមគិតថា ការកែទម្រង់ គឺជាឱកាស ជាជាងការប្រឈម។ ពិតណាស់ការចាប់ផ្តើមអនុវត្តការងារកែទម្រង់ ពិតជាពិបាក តែលទ្ធផលដែលយើងទទួលបាននៅពេលក្រោយនោះ គឺជារដ្ឋបាលមួយដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់កូនៗ និងអ្នកជំនាន់ក្រោយរបស់យើង។”

ដោយ ៖ សិលា


ចែករំលែក៖