ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ! ដែនដីសុវណ្ណភូមិពិតៗ ស្អាតខ្លាំងណាស់ ពោរពេញដោយពណ៌មាសលើទឹកដី ប្រៀបឋានឱសថ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ៖ ព្រះរាជាណាចក្រអច្ឆរិយៈទឹកដីមួយ ដែលមានប្រវត្តិសាស្រ្តដ៏រស់រវេីក។ បុរាណកាលដ៏យូរលង់ ពោរពេញដោយស្នាដៃល្អវិចិត្រច្រេីនសន្ធឹកសន្ធាប់ ។ 

ក្រសួងទេសចរណ៍ សូមឱ្យស្វែងយល់ពីភាពអស្ចារ្យនៃធម្មជាតិ និងបូជនីយដ្ឋានដ៏អស្ចារ្យដែលគ្រប់គ្នាស្ងេីចសរសេីរ។ រាប់ចាប់តាំងពីប្រាសាទសាសនាហិណ្ឌូ ក៏ដូចជាព្រះពុទ្ធសាសនា រហូតដល់ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ សម្បូរទៅដោយ រុក្ខជាតិក្រោមបាតសមុទ្ររាប់សែនប្រភេទ មហាសមុទ្រ ភ្នំ ព្រៃឈេីដ៏ក្រាស់ សិល្បៈនៃការធ្វើម្ហូប បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ទេសចរគ្រប់ៗរូប។

ទឹកដីសុវណ្ណភូមិយើងនេះ ទទួល យកការស្វាគមន៍យ៉ាងកក់ ក្តៅ ពី ប្រជាពលរដ្ឋកម្ពុជា។ រាប់ចាប់ពីជនបទរ ហូតដល់ទីក្រុងដ៏ស៊ីវិល័យរបស់យេីង ស្នាមញញឹម គឺជាការទាក់ទាញ និងស្វាគមន៍ ចេញពីបេះដូងដ៏បរិសុទ្ធរបស់ប្រជាជនខ្មែរ។ ពួកយេីងស្វាគមន៍លោកអ្នកមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ។ 

អ្វីដែលអស្ចារ្យ ពិភពលោកមិនអាចធ្វើដូច គឺ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី (Equinox) តែងតែកើតមាន ២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវ ដែលក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៤នេះ អាចកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ 

កន្លងទៅក្នុងឆ្នាំ២០២៣  ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅនេះ ហើយកម្ពុជាយើងជាម្ចាស់ផ្ទះជោគជ័យ ល្បីពេញពិភពលោក។

គួរឱ្យដឹងដែរថា អច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត ដែលនេះគឺជាហេតុផលវិទ្យាសាស្រ្តមួយ បំពេញចម្លើយចំពោះសំណួរដែលសួរថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?។

អាជ្ញាធរជាតិអប្សរា បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖