ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរ សមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ លើសពីនេះលោករដ្ឋមន្ត្រី បានលើកទឹក ចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អ ប្រណិត មានស្តង់ដាខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាង ណាឱ្យខ្សែច្រវាក់តម្លៃ​ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។

បើតាមលោករដ្ឋមន្ត្រី ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មានធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា។

លើសពីនេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជន និងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់។

សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាបលោករដ្ឋមន្ត្រី បានណែនាំអោយក្រុមហ៊ុនសហការជាមួយនឹងសាជីវ កម្មធានាឥណទានកម្ពុជា (CGCC) ដេីម្បីអាចមាន លទ្ធភាពក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធ ក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរនិងការវាយតម្លៃច្បាស់លាស់ ព្រមទាំងមានលទ្ធភាពសងត្រឡប់៕

ដោយ៖ សូរិយា


ចែករំលែក៖