ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំស្រុកចុះពិនិត្យផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀងដែលរងផលប៉ះពាល់ដំណាំស្រូវតាមបណ្ដាឃុំនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀង ដែលរងផលប៉ះពាល់ដល់ដំណាំស្រូវតាមបណ្ដាឃុំ នៅស្រុករមាសហែក។

ការចុះពិនិត្យនេះមានការចូលរួមពីលោក ហម ហឿន អភិបាលរងស្រុក លោកគល់ជោតិ នាយករដ្ឋបាលស្រុក លោកប៉ែន ខុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថហត្ថស្រុក លោកប្រធានការិយាល័យស្ដីទីកសិកម្មស្រុក លោកមេឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងអាជ្ញាធរដែលពាក់ព័ន្ធ។

លោកអភិបាលស្រុកបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ក៏ដូចជា លោក ប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀង ដើម្បីត្រៀមបង្ការនិងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង ដូច្នេះក្រុមការងារត្រូវចុះត្រួតពិនិត្យពីស្ថានភាពទឹក និងផលប៉ះពាល់ដល់ដំណាំស្រូវ ដោយជំនន់ទឹកភ្លៀងនិងត្រៀមបង្ការនូវមធ្យោបាយនានា តាមបណ្ដាឃុំនៅថ្នាក់ស្រុក សម្រាប់ឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរទៅមកបាន។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៤ថ្ងៃចាប់ពីថ្ថៃទី១៧ រហូតដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤នេះ នៅឃុំដូង ជំនន់ទឹកភ្លៀងបានលិចស្រូវប្រជាពលរដ្ឋមាន៣ភូមិមានដូចជា៖

-ភូមិពោន ចំនួន៤៥គ្រួសារដីស្រែ៣០ហិចតា ៣០អា។

-ភូមិគ្រញូង ចំនួន៧គ្រួសារ ដីស្រែ៤ហិចតា ៥៤អា និងភូមិស្វាយពក ចំនួន១០គ្រួសារ ដីស្រែ៦ហិចតា៩៥អា សរុប៣ភូមិចំនួន៦២គ្រួសារ ផ្ទៃដីចំនួន ៤១ហិចតា ៧៩អា។

 

លោកអភិបាលស្រុកក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់តាមបណ្ដាឃុំទាំង១៦ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ព្រែកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងរាយការណ៍ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរធរមូលដ្ឋានភូមិឃុំ ស្រុកដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖