ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីយប់ថ្ងៃទី២០ ខែកញ្ញានេះសម្តេចបានមានប្រសាសន៍ថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
សម្ដេចតេជោបានបញ្ជាក់ថា ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
សម្ដេចតេជោបន្ថែមថា ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
ជាមួយគ្នានេះ យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ។ ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA)ចាប់ពីថ្ងៃ ២០ ខែ កញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី< ដកអាវុធចេញពីដៃពួកជ្រុលនិយម> កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ! ៕
ដោយ ៖ សិលា