ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទបុកគល់ស្ពានអាកាសស្ទឹងមានជ័យ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកាមរីមួយគ្រឿងពាក់ផ្លាកលេខ ខេមរភូមិន្ទបាន ជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡេីងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញ​រថយន្តមួយគ្រឿងម៉ាកកាមរី​ហាយប្រ៊ីដ ពណ៌ប្រផេះពាក់ផ្លាកលេខខេមរភូមិន្ទ០២ ២-១០០៥​ បេីកបរដោយបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ​ ក្នុងទិសដៅពីត្បូងទៅជេីងតាមបណ្ដោយផ្លូវលេខ២៧១​ ដោយមេឃកំពុងភ្លៀងផងនោះ​ ស្រាប់តែរថយន្តរេចង្កូតទៅ​បុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទាតថយក្រោយវិញគាំងបើកទៅមុខលែងរួច​ ផ្ទុះពោងសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ​ ។ ចំណែកអ្នកបេីកបររងរបួសស្រាល​ ។ 

​    ក្រោយកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក​ និងមន្ត្រីជំនាញចរាចរណ៍​បានចុះមកដល់កន្លែងកើតហេតុ​ និងធ្វេីការវាស់វែងយករថយន្តបង្ក​និងនាំអ្នកបេីកបរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖