ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ សូមសម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣រូបដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមសម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣ រូបដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈ​ដឹក​ដំឡូង​មីឆ្លងកាត់​ទន្លេឆ្ពោះទៅ​កាន់​ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈលោក យ៉ិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខនិងបច្ច័យរបស់ខ្ញុំចូលរួមបន្ថែមជូនក្រុមគ្រួសារសព។

សូមជម្រាបថា​ នៅ​វេលា​ម៉ោង១៤​និង​២០​នាទី​ថ្ងៃ​ទី​២០ កញ្ញា ជនរងគ្រោះមាន​គ្នា​ចំនួន​៥​នាក់ធ្វើ​ដំណើរ​លើ​ទូក​មួយ​គ្រឿង ដឹក​ដំឡូង​មី មក​ដល់​ចំណុច​បឹង​រាំង ក្នុងភូមិ​ខ្នង​ពស់ ឃុំ​ដារ ស្រុក​ចិត្ត​បុរី ក៏​បាន​ជួប​ប្រទះភ្លៀង និង​ខ្យល់​ខ្លាំងបង្កើត​ជា​រលក​ទឹកធំៗវ៉ៃ​ទូក​ឲ្យ​លិចតែ​ម្តង។ ជន​រង​គ្រោះ ក្នុង​ឧបទ្ទវហេតុ​ខាងលើ មាន​ចំនួន​៥​នាក់ ខណៈ​មាន​២​នាក់ រួច​ផុត​ជីវិត និង​បី​នាក់​ទៀត លិច​បាត់​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្លាំងប្រដាប់អាវុធ លោក​អភិបាលស្រុក អភិបាលរង បាន​រក​ឃើញ​សាកស​ព ចំនួន២​នាក់ នៅ​រសៀល​ថ្ងៃ​ដដែល លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ កញ្ញា ទើប​រក​ឃើញ​សពម្នាក់​ទៀត។ 

ជាមួយគ្នានេះ​ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោករដ្ឋមន្រ្តី​ សូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព។ សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង ៣ រូបបានទៅកាន់សុគតិភព៕

ដោយ​៖ តារា​


ចែករំលែក៖