ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានដុតផ្ទះរបស់ឪពុកខ្លួនឯងបណ្ដាលខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន ។ ករណីនេះបានកើតឡើង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ទូច យី ស្ថិតក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច យី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល(ត្រូវជាឪពុកបង្កើត) ។ ចំណែកជនសង្ស័យឈ្មោះ យី យុទ្ធី ហៅពៀច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល(ត្រូវជាកូនបង្កើត) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងជនរងគ្រោះជាឪពុកនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះ និងគំរាមដុតផ្ទះជាញឹកញាប់។ លុះមកដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យបានធ្វើសកម្មភាពដុតសម្លៀកបំពាក់ក្នុងផ្ទះ បណ្តាលអោយឆេះផ្ទះ ហើយត្រូវបានប្រជាពលរដ្ឋជិតខាងជួយពន្លត់ទាន់ ។ ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ជនរងគ្រោះជាឪពុកក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបឱ្យជួយអន្តរាគមន៍ឃាត់ខ្លួន។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ធ្វើការសាកសួរ ដែលនៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដុតសម្លៀកបំពាក់បណ្តាលឱ្យឆេះផ្ទះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ