ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។
ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង
១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប
២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ តារា