ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនាសួនច្បារខាងលិចនៃវិមានឯករាជ្យ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុ៣១ឆ្នាំហើយ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣១ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។   

សូមរំលឹកថា វិមានរដ្ឋធម្មនុញ្ញ សាងពីសំរឹទ្ធប្រមាណ ៧០% ស្ពាន់ ៣០% និងពីថ្មភក់ សិក្សាដោយឈរលើទស្សនទាន ស្ថាបត្យកម្ម លំនាំប្រាសាទ ភិមានអាកាស និងប្រាសាទនាគព័ន្ធ បង្ហាញនូវរចនាបថខ្មែរបុរាណ និងសម័យ និងបង្កប់នូវអត្ថន័យជាច្រើនផ្សារភ្ជាប់អតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន និងត្រូវបានប្រើពេលវេលាសាងសង់ រយៈពេល ១៥ខែ ដែលបានរៀបចំប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖