ខេត្តរតនគិរី៖ “ដោយសារសង្គ្រោមក្នុងតំបន់ឥណ្ឌូចិននៅទសវត្សន៍៦០-៧០ និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលកេរ្តិ៍មរតកដ៏ធ្ងន់ នៃការបន្សល់ទុកនូវមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម” ។ នេះជាការលើកឡើងរបស់ លោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាក្នុងឱកាសនេះដែរ លោកអញ្ជើញជួបសំណេះសំណាលសាកសួសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាស្រុកបរកែវ ខេត្តរតនគិរី ។
លោកទេសរដ្ឋមន្ត្រីបន្តថា ចាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះការងារបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់សំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងលទ្ធផលបោសសម្អាតមីនចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ផ្ទៃដីដែលបោសសំអាតចំនួន១,៤៩៣,០៧៧,៣៣១ម៉ែត្រក្រឡា ទុកជូនប្រជាពលរដ្ឋបង្ករបង្កើនផល ។
លោក លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្តែងនូវការអាណិតអាសូរ និងក្តីស្រឡាញ់ចំពោះជនពិការគ្រប់រូប ជាពិសេសជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលភាពពិការរបស់បងប្អូនគឺពិការតែអាវៈយវៈតែបងប្អូនមិនបានពិការបេះដូងនោះឡើយ ។
ជនពិការនៅទូរទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់ដោយមិនបានបោះបង់ជនពិការអោយនៅឯកកោ ពោលគឺបងប្អូនជនពិការអាចរស់នៅក្នុងសង្គមស្មើរសិទ្ធិ ស្មើរមុខ ស្មើរមាត់ដូចជនមិនពិការដែរ។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រីលី ធុជ បានផ្តល់អំណោយដល់ជនពិការ១១នាក់ ក្នុងម្នាក់អង្ករ៥០គីឡូក្រាម ត្រីខ១កេះធំ ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ មី១កេះតូច ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ និងថវិកា២០ម៉ឺនរៀល ។ ជូនបងប្អូនប្រជាពលរដ្ឋចូលរួម៥០នាក់ ម្នាក់២ម៉ឺនរៀលនិងឱសថបំបាត់ជំងឺផ្តាស់សាយ៤បន្ទះផងដែរ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោកទេសរដ្ឋមន្ត្រីលី ធុជ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់ស៊ីម៉ាក់នៅការដ្ឋានមួយកន្លែង ស្ថិតនៅភូមិវ៉ក ឃុំកាចូន ស្រុកវ៉ើនសៃ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកស៊ីម៉ាក់ក្នុងការដ្ឋានខាងលើដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរំដោះដីស្រែចំការជូនប្រជាពលរដ្ឋ ៕ វុទ្ធឦសាន្ត