ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ដឹកនាំមន្ត្រីរាជការ និងកិច្ចសន្យាទាំងអស់ បានកាន់បិណ្ឌវេន​ ៩ នៅវត្តប្រជុំអង្គ ក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ បាន ដឹកនាំមន្ត្រីរាជការ និងកិច្ចសន្យាទាំងអស់ បានកាន់បិណ្ឌវេន​ ៩ នៅវត្តប្រជុំអង្គ ក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានថ្លែងថា គុណតម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោកបន្តថា  បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើវិស័យ៥ ជាអាទិភាព រួមមាន ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ លើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើង។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ៕

ដោយ៖ សុថាន


ចែករំលែក៖