ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាប្ដី ខណៈមានជម្លោះជាមួយប្រពន្ធ ទាញប្រេងសាំងជះដុតបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាប្ដីម្នាក់ ខណៈមានជម្លោះជាមួយប្រពន្ធទាញប្រេងសាំងជះដុតបណ្ដាលអោយរងរបួសធ្ងន់នៅស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤នេះថា ជនសង្ស័យជាប្ដីមានឈ្មោះ ហម ហៃ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករមានទីលំនៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក  ខេត្តស្វាយរៀង។ ចំណែកប្រពន្ធដែលរងរបួសមានឈ្មោះ ឯក ចាន់ណាប់ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក  ខេត្តស្វាយរៀង។

ប្រភពបានបន្តថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៤ខែកញ្ញាឆ្នាំ ២០២៤ នៅចំណុចភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងមានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបង្កឡើងដោយជនសង្ស័យជាប្ដីបានយកប្រេងសាំង១ដបជះទៅលើប្រពន្ធ ហើយកេះដែកកេះដុតបណ្ដាលឱ្យឆេះរងរបួសជាទម្ងន់ ។

ក្រោយពីប្រព្រឹត្តបទល្មើសរួច ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរសម្រាកព្យាបាលប៉ែន នុតស្ថិតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

រីឯជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដបប្រេងសាំងចាក់ជះទៅលើប្រពន្ធរួចយកដែកកេះដុតបណ្ដាលឱ្យឆេះរងរបួសនៅលើថាសជណ្ដើរផ្ទះរបស់ខ្លួនប្រាកដមែន ដោយសារមានទំនាស់ពាក្យសម្តីនឹងគ្នា។ 

នៅពេលទទួលបានចម្លើយសារភាព របស់ជនសង្ស័យរួចមក កម្លាំងជំនាញបានរាយការណ៍និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖