ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ចេញយន្តហោះចម្បាំង ៤៣គ្រឿង និងនាវាចម្បាំង៨គ្រឿង ធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កោះតៃវ៉ាន់ នៅថ្ងៃ ទី២៦ ខែកញ្ញានេះ បាននិយាយថា យន្ដហោះយោធាចិន៤៣គ្រឿង និងនាវាចម្បាំង៨គ្រឿង ត្រូវបានប្រទះឃើញធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងរបស់ជប៉ុនធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។
ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន តែងតែបញ្ជូនយន្ដហោះចម្បាំង ដ្រូន និងនាវាចម្បាំងឱ្យធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ស្ទើរតែជាប្រចាំ។ ប៉ុន្តែសកម្មភាពរបស់យោធាចិននៅពេលនេះ កើតមានឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាវាចម្បាំងមួយគ្រឿងរបស់ជប៉ុន បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង ដើម្បីបញ្ជាក់ពីសេរីភាពរបស់ខ្លួនក្នុងការធ្វើនាវាចរណ៍។
រដ្ឋាភិបាលជប៉ុន មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ទៅនឹងការធ្វើដំណើរនៃនាវាចម្បាំងរបស់ខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា ការធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ដោយនាវាចម្បាំងជប៉ុន កើតមានឡើងកាលពីថ្ងៃពុធម្សិលមិញ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះយោធាចិន៤៣គ្រឿង និងនាវាចម្បាំង៨គ្រឿងបានធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង ដោយបញ្ចប់សកម្មភាពនៅម៉ោង ៦៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងបន្ថែមថា ក្នុងចំណោមយន្ដហោះយោធាចិនទាំងនេះមាន៣៤គ្រឿងបានហោះឆ្លង ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ និងហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅភាគនិរតី និងភាគខាងកើតរបស់តៃវ៉ាន់៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖