ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់ធម្មជាតិកីឡាខេត្តស្វាយរៀង និងក្រុមបាល់ទាត់ N4 United បាននាំយកថវិកាចំនួន ២០ លានរៀល បានមកពីការប្រកួតមិត្តភាព ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីចូលរួមចំណែកបម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា អនុសាខា ក្នុងបេសកកម្មជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃ ទី ២៥  ខែ កញ្ញា ឆ្នាំ ២០២៤ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក សុច សុភក្តី នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាននាំយកថវិកាចំនួន ២០ លានរៀល ពីការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ធម្មជាតិកីឡាខេត្តស្វាយរៀង និងក្រុមបាល់ទាត់ N4 United កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល នៅតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង ។ 

នៅក្នុងពិធីប្រគល់ លោក សុច សុភក្តី តំណាងលោក អភិបាលខេត្ត បានជម្រាបជូនអំពីលទ្ធផល នៃការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ធម្មជាតិកីឡា ខេត្តស្វាយរៀង និងក្រុមបាល់ទាត់ អិន៤ យូណាយធីត (N4 United) បានទទួលលទ្ធផលស្មើគ្នា ៣-៣ ចំពោះថវិកាជាមូលនិធិរួមរបស់ក្រុមបាល់ទាត់ទាំងពីរត្រូវបាន លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ឱ្យតំណាងយកប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាថ្ងៃនេះ ដើម្បីជាប្រយោជន៍សម្រាប់សកម្មភាពមនុស្សធម៌ ។ 

លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិថ្លែងអំណរគុណជូនចំពោះក្រុមកីឡាករបាល់ទាត់ទាំងពីរក្រុមដែលស្ម័គ្រចិត្តបរិច្ចាកថវិកាមូលនិធិទាំងអស់ចំនួន ២០ លានរៀល ក្នុងស្មារតី និងឆន្ទៈ ចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្តស្វាយរៀង ។

លោកស្រី ហេរញ្ញិកសាខា បានបន្តទៀតថា ថវិកាដែលបានប្រគល់ និងទទួល សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់ឱ្យចំទិសដៅក្នុងសកម្មភាពមនុស្សធម៌នៅថ្នាក់សាខា អនុសាខា ឱ្យបានទាន់ពេលវេលា  ៕

ដោយ៖ សុថាន


ចែករំលែក៖