ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសេចក្តីប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវវេងស្រេង ប្រសព្វផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ស ផ្លាកលេខ 2AH-3509 ជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AP-3567 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ មុយ ដុក ភេទប្រុស អាយុ២០ឆ្នាំ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករួមដំណើរចំនួន០២ (ពីរ)នាក់ មានឈ្មោះ សេង វណ្ណណេត ភេទប្រុស និងឈ្មោះ គឹម វីរៈ ភេទប្រុស ត្រូវរងរបួសស្រាល។

ហេតុការណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តឈ្មោះ ខឹម ឆៃរ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបើក បត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ និងអ្នកបើកបរម៉ូតូឈ្មោះ មុយ ដុក ភេទប្រុស បើកបរលឿន និងផ្ទុក មនុស្សលើសចំណុះ។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ខឹម ឆៃរ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន ជនជាប់ចោទ និងសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ តាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖