ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីកម្ពុជា ដកខ្លួនចេញពីគម្រោង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV ក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង៤ ក្នុងភូមិភាគឦសាន គឺមិនបានដកថយ នោះឡើយ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់ បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត និងពន្លត់រងើកភ្លើង របស់ក្រុមបក្សប្រឆាំង ដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។ ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងខេត្តទាំង៤ ខាងលើនេះ គឺនៅតែបន្តអភិវឌ្ឍន៍ដដែល ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គោលដៅធំ CLV-DTA កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនូវ គោលនយោបាយ នៅក្នុងការអភិវឌ្ឍទិសឦសានរបស់កម្ពុជា ឱ្យខេត្តរបស់យើងនៅតំបន់ ដាច់ស្រយ៉ាលជាងគេនៅពេលនោះ ត្រូវរកវិធីណា ដើម្បីឱ្យកាន់តែរីកលឿន ដើម្បីភ្ជាប់ជាមួយប្រទេស សួរថា គោលដៅនេះ យើងបានដកថយឬនៅ អត់ទេ រដ្ឋាភិបាល នៅតែធ្វើដដែល អភិវឌ្ឍទិសឦសានរបស់យើង អភិវឌ្ឍខេត្តទាំង ៤របស់យើង»។
សម្ដេចធិបតី បន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA មានបីប្រទេសចូលរួមពិតមែន ប៉ុន្ដែអ្នកចូលរួមឧបត្ថម្ភគាំទ្រ គឺអង្គការអន្ដរជាតិ។ សម្ដេច រំលឹកថា ក្នុងជំនួបពិភាក្សាជាមួយ សភាជប៉ុន នាពេលថ្មីៗនេះ សភាជប៉ុន បានសួរថា «ហេតុអ្វីកម្ពុជា ដកចេញពី CLV-DTA» ព្រោះថា ជប៉ុនដឹងច្បាស់ណាស់ថា CLV-DTA វាជារឿងល្អ។ សម្ដេច បានតបវិញថា កុំបារម្ភរឿងហ្នឹង បើជប៉ុន ចង់ជួយ កម្ពុជា អត់ទាន់ទៅណាឡើយ ខេត្តទាំង ៤នេះ នៅតែបន្ដអភិវឌ្ឍដដែល៕
ដោយ ៖ សិលា