ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ គាំទ្រពីរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

ចែករំលែក៖

ឡូសអែនជែលលេស៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ អ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក​ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញាថ្មីៗនេះ​។ 

ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម ហើយបន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងជាយុវជនវ័យក្មេងរហូតដល់៦០% ដែលអាចចូលរួមបញ្ចេញសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទសជាតិក្នុងរយៈពេលយូរបន្ថែមទៀត។ ពិសេសជាងនេះ ប្រជាជនកម្ពុជាមួយចំនួនធំនាពេលបច្ចុប្បន្នក៏អាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលនឹងផ្ដល់លទ្ធភាពខ្ពស់សម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារផ្សេងៗ។  

តាមរយៈជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថានឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ស្របតាមការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ នឹងសម្របសម្រួលរាល់កិច្ចការងារនានារបស់វិនិយោគិន ដែលមានគម្រោងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖