ព័ត៌មានទាន់ហេតុការណ៍៖

បញ្ញវន្ត និងអ្នកតាមដានសង្គមជឿជាក់ថា ការនាំចេញម្រេចនិងគ្រាប់ស្វាយចន្ទីខ្មែរទៅប្រទេសចិនដោយផ្ទាល់ ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កសិករកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បញ្ញវន្ត និងអ្នកតាមដានសង្គមមានជំនឿជឿជាក់ថា ការណ៍ដែលចិនបានបន្តអនុញ្ញាតឲ្យម្រេចនិងគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទៅកាន់ទីផ្សាររបស់ខ្លួន ដោយផ្ទាល់ នាពេលថ្មីៗនេះ ពិតជាបានផ្តល់ប្រយោជន៍ជាក់ស្តែង ដល់ប្រជាកសិករខ្មែរ ជំរុញទឹកចិត្តដល់ពួកគាត់ បានដាំដុះដំណាំកសិកម្ម កាន់តែច្រើន បន្ថែមទៀត ស័ក្តិសមនឹងកម្ពុជា ជាប្រទេសកសិកម្ម។

លោក យឹម អធិស័ក អ្នកតាមដានសង្គមបានប្រាប់ឲ្យដឹងថា «ផ្តល់នូវគុណតម្លៃដល់បងប្អូន ដែលជាអ្នកដាំដុះ នូវម្រេចរបស់កម្ពុជា ក៏ដូចជា គ្រាប់ស្វាយចន្ទី ហើយការណ៍ដែលបង្កើតឲ្យមានការនាំចេញនេះ នឹងបង្កឲ្យមានការចូលរួម ក្នុងការដាំដុះផលិតផលទាំងនេះ បានកាន់តែច្រើន ផ្តល់នូវការងារដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការសិក្សាស្វែងយល់អំពីការពង្រឹងគុណភាព តាមរយៈការពិនិត្យគុណភាពផលិតផលនានា ធ្វើយ៉ាងណា ឲ្យឈានដល់កម្រិតស្តង់ដា ដែលគេចង់បាន»។ 

រីឯ លោកស្រីបណ្ឌិត ជា វណ្ណី មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ដែរថា «ការបង្កើតទីផ្សារដល់ប្រជាពលរដ្ឋកម្ពុជាដែលជាប្រទេសកសិកម្ម គឺជាការជួយលក្ខណៈយូរអង្វែង និងមាននិរន្តរភាព និងជាការលើកទឹកចិត្ត ដល់កសិករកម្ពុជា ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាង ឲ្យយើងក្លាយជាប្រទេសមួយ ដែលមានការរីកចម្រើន ដោយផ្អែកលើវិស័យកសិកម្ម»។

ទាំងលោក យឹម អធិស័ក និង លោកស្រីបណ្ឌិត ជា វណ្ណី បានចាត់ទុក ចិនដែលជាប្រទេសមានទីផ្សារធំ ប៉ុន្តែ ជួយទិញកសិផលរបស់កម្ពុជា បានឆ្លុះបញ្ចាំងពីការជួយគ្នា ក្នុងនាមជា «មិត្តភាពដែកថែប» និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងឈានដល់កម្រិតថ្មីមួយទៀត។

គួរបញ្ជាក់ថា ទាំងម្រេចនិងគ្រាប់ស្វាយចន្ទីគឺជាផលិតផលកសិកម្មថ្មីៗបន្ថែមទៀត របស់កម្ពុជា ដែលត្រូវបាននាំចេញដោយផ្ទាល់ ទៅកាន់ទីផ្សារប្រទេសចិន កាលពីខែកញ្ញា៕

ប្រភព ៖ ( «CCFR China state-controlled media »)


ចែករំលែក៖