ខេត្តរតនគិរី៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានយកទៅកសាងសំណុំរឿងចាត់ការបន្ត។
ការបង្ក្រាបជនសង្ស័យនេះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៣ៈ១០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ។
ក្នុងការបង្ក្រាបនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តចំនួន០៣នាក់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំចំនួន ០៩នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សាកល នាយការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ង្វៀង វាំងផក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅក្នុងក្រុមហ៊ុនចំការចេក ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី និងចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារជាតិញៀនចំនួនមួយកញ្ចប់តូច(មិនទាន់ថ្លឹង) ទូរសព្ទ័ដៃចំនួនមួយគ្រឿង ម៉ាកOPPO ពណ៌ខ្មៅ អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន មួយសន្លឹក ដែកកេះចំនួន០២ បារីចំនួនមួយកញ្ចប់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តរតនគិរី កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ជីវ័ន្ត