ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅរសៀលថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី “សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លើលិខិតលេខ ១០៥៧១ សហវ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការបន្តអនុវត្តសេចក្តីជូនដំណឹងលេខ ០០១​ សហវ.សជណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបន្ថែមគោលការណ៍លើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ដូចខាងក្រោម៖

*១- ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ក-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៥។

ខ-អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥។

រាល់ការផ្ទេរកម្មសិទ្ធិដែលទទួលបានការលើកលែងនិងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

– ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ

– ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង

– ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួត ពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ខុសពីទីផ្សារ ជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

ក-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។

ខ-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង។ គ-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ 

– ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់

– ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ

– ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

-ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល

– ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍

– ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម

– ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។

រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យ និងសាធារណជនទាំងអស់ នឹងយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕ដោយ​៖តារា

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៖


ចែករំលែក៖